ជំនួយនៅតុលាការ

Help at court - Khmer (ភាសាខ្មែរ)

មានមធ្យោបាយជាច្រើនដើម្បីទទួលបានជំនួយនៅតុលាការ។ Legal Aid NSW បញ្ជូនមេធាវីប្រចាំការទៅតុលាការមូលដ្ឋានទាំងអស់ ព្រមទាំងតុលាការនិងសាលាក្ដីជាច្រើនទៀតនៅទូទាំងរដ្ឋ NSW។ មេធាវីប្រចាំការជួយប្រជាជនដែលមាន រឿងក្តីនៅតុលាការនៅថ្ងៃនោះ ដែលគ្មានមេធាវីផ្ទាល់ខ្លួន។

មេធាវីប្រចាំការជាមេធាវីធ្វើការឱ្យ Legal Aid NSW ឬក៏ជាមេធាវីឯកជនដែលទទួលប្រាក់ពី Legal Aid NSW ដើម្បីជួយអ្នក។ អ្នកអាចពិនិត្យដើម្បីមើលថាតើពួកគេទំនេរឬអត់នៅលើទំព័រវិបសាយជំនួយនៅតុលាការនិងសាលាក្ដីរដ្ឋ NSW (Help at NSW courts and tribunals webpage) របស់យើង។

យកល្អគួរទទួលជំនួយផ្លូវច្បាប់មុនពេលអ្នកទៅតុលាការ។ សូមទូរសព្ទមកក្រុមការងាររបស់យើងនៅ LawAccess NSW  តាមលេខ 1300 888 529 ឬចុចប៊ូតុងជជែកជាមួយយើងដើម្បីនិយាយជាមួយក្រុមការងារនៅលើ webchat។

មេធាវីប្រចាំការ

ជំនួយនៅតុលាការមូលដ្ឋាន Bankstown, Blacktown, Penrith, Mount Druitt និង Sutherland

តើអ្នកមានរឿងក្តីព្រហ្មទណ្ឌនៅ៖

  • តុលាការមូលដ្ឋាន Bankstown
  • តុលាការមូលដ្ឋាន Blacktown
  • តុលាការមូលដ្ឋាន Mt Druitt 
  • តុលាការមូលដ្ឋាន Penrith ឬ
  • តុលាការមូលដ្ឋាន Sutherland ទេ?

មានមធ្យោបាយងាយស្រួលមួយដើម្បីស្នើសុំជំនួយផ្លូវច្បាប់ពីមេធាវីប្រចាំការ គឺគ្រាន់តែបំពេញទម្រង់បែបបទតាមអនឡាញរបស់យើងប៉ុណ្ណោះ។ សំណុំបែបបទមានភាពរហ័ស ងាយស្រួលប្រើ ហើយអាចដាក់ស្នើពេលណាក៏បាន។ នៅពេលដាក់ស្នើរួចហើយ បុគ្គលិករបស់ Legal Aid NSW នឹងទូរសព្ទទៅអ្នកវិញ។

បើសិនជាអ្នកមិនដឹងលេខ H របស់អ្នកទេ សូមបញ្ចូល H0000 នៅពេលត្រូវបានរម្លឹក។ ទម្រង់បែបបទនេះអាចប្រើបានសម្រាប់តែតុលាការដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។

អ្នកណាក៏អាចទៅរកមេធាវីប្រចាំការបានដែរដើម្បីសុំជំនួយមានកម្រិត នៅថ្ងៃរឿងក្តីរបស់ពួកគេនៅតុលាការ។

បើសិនជា រឿងក្តីរបស់អ្នកកាន់តែស្មុគស្មាញ នោះមេធាវីប្រចាំការអាចជួយអ្នកដើម្បីសុំពន្យារពេល។ ធ្វើបែបនេះនឹងលើករឿងក្តីរបស់អ្នកទៅថ្ងៃក្រោយ ដើម្បីឱ្យអ្នកអាចរកដំបូន្មានផ្លូវច្បាប់ ឬរកអ្នកតំណាង។ អ្នកអាចស្វែងយល់បន្ថែមនៅលើទំព័រវិបសាយដំបូន្មានផ្លូវច្បាប់ (Legal advice) របស់យើង។

អ្វីដែលមេធាវីប្រចាំការអាចធ្វើបានសម្រាប់អ្នកគឺមានកំណត់។ មេធាវីប្រចាំការអាច៖

  • ផ្ដល់ដំបូន្មានដល់អ្នកអំពីរឿងក្តីរបស់អ្នក
  • ពន្យល់ពីអ្វីដែលអាចកើតឡើងនៅតុលាការ
  • ជួយអ្នកសុំពន្យារពេល ដើម្បីលើករឿងក្តីរបស់អ្នកទៅថ្ងៃក្រោយ ដើម្បីឱ្យអ្នកមានពេលស្វែងរកដំបូន្មានផ្លូវច្បាប់
  • និយាយទៅកាន់តុលាការ/សាលាក្ដី ឬភាគីផ្សេងទៀតក្នុងនាមអ្នក
  • ជួយអ្នកក្នុងរឿងឯកសារតុលាការ ឬពាក្យសុំបន្ទាន់ទៅតុលាការ ឬ
  • និយាយជំនួសអ្នកនៅក្នុងតុលាការ។

ចំពោះរឿងក្ដីច្បាប់គ្រួសារ មេធាវីប្រចាំការក៏អាចជួយអ្នកទៅលើបញ្ហាច្បាប់គ្រួសារបន្ទាន់ដែរ ឧទាហរណ៍ដូចជាករណីអតីតប្ដី/ប្រពន្ធរបស់អ្នកមិនបានប្រគល់កូនរបស់មកឱ្យអ្នកវិញ ឬកំពុងគំរាមយកពួកគេទៅបរទេស។

ចំពោះរឿងក្ដីព្រហ្មទណ្ឌ ពួកគេមិនអាចតំណាងឱ្យអ្នកនៅក្នុងតុលាការបានទេបើសិនជាអ្នកបានឆ្លើយតបទៅនឹងបណ្ដឹងថាគ្មានកំហុស ហើយរឿងក្ដីរបស់អ្នកមាននៅក្នុងបញ្ជីសវនាការនៅថ្ងៃនោះ។

សវនាការគឺជាពេលដែលសាក្សីមកតុលាការដើម្បីនិយាយអំពីអ្វីដែលបានកើតឡើង ហើយចៅក្រមជាន់ទាប ឬចៅក្រមពិចារណាលើការទាញហេតុផលដែលធ្វើឡើងដោយមេធាវីទាំងពីរ។

បើអ្នកត្រូវការជំនួយ ឬចង់ឱ្យនរណាម្នាក់និយាយជំនួសអ្នកនៅក្នុងសវនាការ អ្នកគួរនិយាយជាមួយមេធាវីមកពី Legal Aid NSW ឬមេធាវីដែលធ្វើកិច្ចការជំនួយផ្លូវច្បាប់មុនថ្ងៃសវនាការរបស់អ្នក។ អ្នកអាចស្វែងយល់បន្ថែមអំពីរឿងនេះនៅលើទំព័រវិបសាយដំបូន្មានផ្លូវច្បាប់ (Legal advice) របស់យើង។

យើងមានមេធាវីប្រចាំការនៅគ្រប់តុលាការមូលដ្ឋានទាំងអស់នៅក្នុងរដ្ឋ NSW គ្រប់ទីតាំងតុលាការច្បាប់គ្រួសារ (family law court) ទាំងអស់ដែលមានតុលាការធ្វើការនៅទីនោះ ព្រមទាំងនៅតុលាការនិងសាលាក្ដីជាច្រើនទៀតនៅទូទាំងរដ្ឋ NSW។

នកអាចពិនិត្យមើលថាតើមានជំនួយនៅទីតាំងរបស់អ្នកឬអត់នៅលើទំព័រវិបសាយជំនួយនៅតុលាការនិងសាលាក្ដីរដ្ឋ NSW (Help at NSW courts and tribunals webpage) របស់យើង។

ការជួបមេធាវីប្រចាំការ និងការទទួលជំនួយនៅថ្ងៃឡើងតុលាការគឺមិនគិតថ្លៃទេ។

បើសិនជាអ្នកបន្តទទួលជំនួយ អ្នកនឹងត្រូវមានសិទ្ធិទទួលជំនួយផ្លូវច្បាប់សិន ហើយនឹងត្រូវបង់ប្រាក់វិភាគទានចំពោះថ្លៃចំណាយលើរឿងក្តីរបស់អ្នក។

ចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់គឺអាស្រ័យថាតើអ្នករកប្រាក់ចំណូលបានប៉ុន្មាន ហើយអ្នកមានកម្មសិទ្ធិអ្វីខ្លះ។

នៅក្នុងរឿងក្ដីច្បាប់ព្រហ្មទណ្ឌ អ្នកមិនចាំបាច់មានសិទ្ធិទទួលជំនួយផ្លូវច្បាប់ទេ បើសិនជាមេធាវីប្រចាំការគ្រាន់តែផ្ដល់ដំបូន្មានដល់អ្នក ឬបើសិនជាអ្នកទៅបង្ហាញខ្លួននៅតុលាការលើកដំបូង ហើយអ្នកកំពុងជាប់ឃុ។ បើសិនជាមេធាវីប្រចាំការធ្វើជាតំណាងឱ្យអ្នកនៅក្នុងតុលាការ ជាទូទៅអ្នកត្រូវមានសិទ្ធិទទួលជំនួយផ្លូវច្បាប់សិន។

នៅក្នុងរឿងក្ដីច្បាប់គ្រួសារ អ្នកមិនចាំបាច់មានសិទ្ធិទទួលជំនួយផ្លូវច្បាប់ដើម្បីទទួលជំនួយពីមេធាវីប្រចាំការ ឬសេវាកម្មជំនួយគាំទ្រសង្គមនៅតុលាការទេ។

ពាក្យពេចន៍នៅក្នុងផ្នែកច្បាប់ ពេលខ្លះពិបាកយល់។ បើសិនជាភាសាអង់គ្លេសមិនមែនជាភាសាទីមួយរបស់អ្នកទេ ឬក៏អ្នកចង់ប្រាស្រ័យទាក់ទងជាភាសា Auslan អ្នកប្រហែលជាចង់បានអ្នកបកប្រែផ្ទាល់មាត់ដើម្បីជួយអ្នកនៅតុលាការ។

ក្នុងរឿងក្តីជាច្រើន តុលាការជាអ្នកបង់ប្រាក់សម្រាប់អ្នកបកប្រែផ្ទាល់មាត់ ហើយអ្នកគួរទាក់ទងទៅពួកគេដើម្បីរៀបចំអ្នកបកប្រែម្នាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បើសិនជាតុលាការសម្រេចថាត្រូវការអ្នកបកប្រែផ្ទាល់មាត់ នោះអាចចាំបាច់ត្រូវលើករឿងក្ដីទៅថ្ងៃក្រោយវិញ។

បើសិនជាអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ឬជំនួយក្នុងការប្រាស្រ័យទាក់ទងផ្សេងទៀតដើម្បីទាក់ទងមកពួកយើង សូមមើលជម្រើសនានានៅលើទំព័រវិបសាយ Contact us របស់យើង។

នៅពេលមកតុលាការ អ្នកគួរតែ៖

  • ប្រមូល និងយកក្រដាសស្នាមទាំងអស់ដែលអ្នកមានអំពីរឿងក្ដីរបស់អ្នក ចំពោះរឿងក្ដីព្រហ្មទណ្ឌ ក្រដាសស្នាមអាចមានឯកសារព័ត៌មានរបស់ប៉ូលិសនិងលិខិតសំអាងកិរិយាមាយាទ ចំពោះរឿងក្ដីច្បាប់គ្រួសារ ក្រដាសស្នាមអាចមានច្បាប់ចម្លងនៃដីកា និងឯកសារតុលាការផ្សេងទៀត ចំពោះរឿងក្ដីរដ្ឋប្បវេណី ក្រដាសស្នាមអាចមានច្បាប់ចម្លងនៃលិខិតផ្សេងៗ ឬសេចក្ដីជូនដំណឹងអំពីការផាកពិន័យទាក់ទងនឹងរឿងក្ដីផ្លូវច្បាប់របស់អ្នក
  • បង្ហាញខ្លួននៅឯតុលាការ ឬសាលាក្ដីមួយម៉ោងមុនពេលរឿងក្ដីរបស់អ្នក អ្នកអាចនឹងត្រូវរង់ចាំជួបមេធាវីប្រចាំការ
  • ប្រាកដថាអ្នកមានពេលទំនេរពេញមួយថ្ងៃ តុលាការខ្លះរាយបញ្ជីរឿងក្តីទាំងអស់នៅពេលតែមួយ ដូច្នេះអ្នកអាចត្រូវរង់ចាំពីរបីម៉ោងមុននឹងតុលាការបើកសវនាការរឿងក្តីរបស់អ្នក អ្នកគួរតែបញ្ជាករឿងនេះជាមួយតុលាការ
  • ប្រាប់តុលាការ បើសិនជាអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ឬជំនួយផ្សេងទៀត និង
  • នាំមិត្តភក្តិ ឬសមាជិកគ្រួសារដើម្បីជួយគាំទ្រ បើសិនជាអ្នកចង់។

បើសិនជាអ្នកមានក្ដីបារម្ភអំពីសុវត្ថិភាពរបស់អ្នកនៅតុលាការ អ្នកគួរទាក់ទងមកតុលាការមុនថ្ងៃអ្នកឡើងតុលាការដើម្បីពិភាក្សាអំពីក្ដីបារម្ភរបស់អ្នក និយាយជាមួយសន្តិសុខនៅពេលដែលអ្នកចូលទៅអគារតុលាការ ឬប្រើព័ត៌មានលម្អិតនៅលើទំព័រវិបសាយ Contact us របស់យើងដើម្បីនិយាយជាមួយយើងមុននឹងទៅតុលាការ។

មេធាវីប្រចាំការអាចនឹងមិនដោះស្រាយរឿងក្តីរបស់អ្នកនៅថ្ងៃដែលអ្នកបង្ហាញខ្លួននៅតុលាការទេ។ បើសិនជារឿងក្តីរបស់អ្នកកាន់តែស្មុគស្មាញ មេធាវីប្រចាំការអាចជួយអ្នកស្នើសុំពន្យារពេល (លើករឿងក្ដីរបស់អ្នកទៅថ្ងៃក្រោយ) ដើម្បីឱ្យអ្នកមានឱកាសរកដំបូន្មានផ្លូវច្បាប់ ឬអ្នកតំណាង។

បើសិនជាអ្នកត្រូវការជំនួយផ្លូវច្បាប់បន្ថែមទៀត មេធាវីប្រចាំការមកពី Legal Aid NSW អាចបន្តជួយជ្រោមជ្រែង ឬជួយអ្នកក្នុងការដាក់ពាក្យសុំជំនួយផ្លូវច្បាប់ដើម្បីរកមេធាវីឱ្យចាត់ចែងរឿងក្តីរបស់អ្នក។ អ្នកអាចអានបន្ថែមនៅលើទំព័រវិបសាយដាក់ពាក្យសុំជំនួយផ្លូវច្បាប់ (Apply for legal aid) របស់យើង។ យើងក៏អាចបញ្ជូនបន្តអ្នកទៅសេវាកម្មផ្សេងទៀតដែលអាចជួយអ្នកបានផងដែរ។

ជនជាតិដើម និងអ្នកកោះ Torres Strait អាចទទួលជំនួយនៅតុលាការពីមេធាវីប្រចាំការរបស់ Legal Aid NSW ឬមេធាវីមកពីសេវាកម្មផ្លូវច្បាប់សម្រាប់ជនជាតិដើម Aboriginal Legal Service (NSW/ACT)

បើសិនជាអ្នកមានអាយុក្រោម 18 ឆ្នាំ ហើយត្រូវការជំនួយនៅតុលាការ សូមទូរសព្ទទៅបណ្តាញទូរសព្ទទាន់ហេតុការណ៍សម្រាប់យុវជន (Youth Hotline) តាមលេខ 1800 10 18 10។

ទូរសព្ទទាន់ហេតុការណ៍នេះដំណើរការពីម៉ោង 9 ព្រឹកដល់កណ្ដាលអាធ្រាត្រថ្ងៃធ្វើការ ដោយមានសេវាកម្ម 24 ម៉ោងពីថ្ងៃសុក្រ ម៉ោង 9 ព្រឹក ដល់អាធ្រាត្រថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកសាធារណៈផងដែរ។

សេវាកម្មតស៊ូមតិរបស់តុលាការផ្នែកអំពើហិង្សាក្នុងគ្រួសារចំពោះស្ត្រី  ជួយស្ត្រី និងកុមារដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារនៅតុលាការមូលដ្ឋានជាច្រើនជុំវិញរដ្ឋ NSW។

មានបុគ្គលិកជំនួយសម្រាប់ទាំងស្ត្រី និងបុរសមកពី សេវាកម្មតស៊ូមតិនិងទ្រទ្រង់គ្រួសារ ដើម្បីជួយគ្រួសារដែលរងការប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារនៅក្នុងតុលាការច្បាប់គ្រួសារ។

បុគ្គលិកយុវជនមកពីគម្រោងជំនួយតុលាការសម្រាប់កុមារ ជួយយុវជនដែលឡើងតុលាការកុមារ។